ការ​ចែករំលែក​បទពិសោធន៍​ចលនា​ជីវិត​ឯករាជ្យ​ជនពិការ​កម្ពុជា-ជប៉ុន ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៤

Mr. Hem Darith, Chief of Porsenchey district office contribute his own fund to Mr. Mey Samith, Executive Director of PPCIL នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ(PPCIL) បានធ្វើសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធន៍ចលនាជីវិតឯករាជ្យនៃជនពិការកម្ពុជាជប៉ុននៅការិយាល័យរបស់មជ្ឈមណ្ឌលPPCIL ដែលមានទីតាំងនៅផ្ទះលេខ២១១ ផ្លូវលេខ៩១K កែងផ្លូវលេខ៦៨K ភូមិចំការឳឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។   សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបចំនួន៩៨នាក់ ព្រមទាំងបងប្អូនជនពិការមកពីតាមសហគមន៍ប្រមាណជា២៥នាក់ផងដែរ ។ គោលបំណងសំខាន់នៃអង្គសិក្ខាសាលា

  • បន្តពង្រឹងសកម្មភាព និងផ្សព្វផ្សាយចលនាជីវិតឯករាជ្យនៃជនពិការ
  • ស្វែងយល់ពីស្ថានភាពពិត អំពីជីវិតរបស់បងប្អូនជនពិការធ្ងន់ធ្ងររស់នៅតាមសហគមន៍
  • ផ្លាស់ប្តូរបទពិសោធន៍លើវិស័យពិការភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា
  • ផ្លាស់ប្តូរបទពិសោធន៍អំពីវិធីសាស្ត្រក្នុងការបង្កើតប្រពន្ធ័ជំនួយការផ្ទាល់ខ្លួនជួយជនពិការធ្ងន់ធ្ងរនៅប្រទេសជប៉ុន ដើម្បីឈានទៅបង្កើតប្រពន្ធ័ជំនួយការផ្ទាល់ខ្លួនជួយជនពិការធ្ងន់ធ្ងរនៅប្រទេសកម្ពុជា

v  បទបង្ហាញស្តីពីសកម្មភាពរបស់អង្គការPPCIL និងស្ថានភាពរស់នៅរបស់ជនពិការក្នុងប្រទេសកម្ពុជា លោក ម៉ី សាម៉ីត នាយកប្រតិបត្តិ អង្គការPPCIL បានមានប្រសាសន៍ឱ្យដឹងថា មជ្ឈមណ្ឌលPPCILគឺជាអង្គការក្រៅរដ្ឋាភិបាល បានបង្កើតឡើងក្នុងឆ្នាំ២០០៩ ។ អង្គការនេះបង្កើតឡើងដោយក្រុមជនពិការ និងធ្វើការដើម្បីជនពិការ គឺធ្វើការលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់ជនពិការ, ការផ្ទេរសិទ្ធិអំណាចដល់ជនពិការតាមរយៈចលនាជីវិតរស់នៅដោយឯករាជ្យ ដោយផ្អែកលើទស្សនៈវិស័យ ជនដែលមានពិការភាពធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏មានសិទ្ធិរស់នៅពេញលេញប្រកបដោយតិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសង្គម។ លោកមានការជឿជាក់ថា ការផ្លាស់ប្តូរសង្គមដោយផ្តល់ឱកាស និងលើកកម្ពស់សិទ្ធិស្មើភាពដល់ជនពិការ តាម  រយៈចលនាជីវិតឯករាជ្យនេះ គឺជាមធ្យោបាយជាក់លាក់ និងដ៏មានប្រសិទ្ធិភាពបំផុត សំដៅឈានទៅរកការធ្វើឱ្យចលនាពិការភាពនៅប្រទេសកម្ពុជាមានភាពរឹងមាំទៅបាន ។ ឆ្លងតាត់រយៈពេលកន្លងមក អង្គការPPCILបាន និងកំពុងបន្តសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក និងផ្តល់សេវាជូនជនពិការធ្ងន់ធ្ងរ ដើម្បីសម្រួលការរស់នៅរបស់ពួកគាត់ស្របតាមគោលការណ៍ និងកម្មវិធីនៃចលនាជីវិតឯករាជ្យនៃជនពិការ និងស្របតាមចក្ខុវិស័យ និងផែនការណ៍យុទ្ធសាស្ត្រសំដៅផ្លាស់ប្តូរការគិតអវិជ្ជមានរបស់សង្គមមកលើជនពិការ លុបបំបាត់ជាបណ្តើរៗនូវឧបសគ្គរារាំងទាំងឡាយដើម្បីបង្កើតសង្គមមួយដែលគ្មានឧបសគ្គសម្រាប់ទាំងអស់គ្នា ។   លោកបានមានប្រសាសន៍បន្ថែមឱ្យដឹងថា តាមស្ថានភាពពិត ជនពិការនៅក្នុងប្រទេសកម្ពុជា ទោះជាមានច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការក៏ដោយ ក៏យើងឃើញថាបងប្អូនជនពិការនូវមិនទាន់បានទទួលនូវអ្វីដែលជាផលប្រយោជន៍សម្រាប់ពួកគាត់នៅឡើយ ហើយនូវតែប្រឈមនូវបញ្ហាជាច្រើនដូចជា៖

  1. ការរើសអើងគ្រប់រូបភាព និងលទ្ធភាពចល័តទី ចេញចូល ទីសាធារណៈរបស់ជនពិការនូវមិនទាន់បង្កលក្ខណៈងាយស្រួសម្រាប់បងប្អូនជនពិការប្រើប្រាស់រទេះរុញ នៅតាមទីសាធារណៈនានា ជាពិសេសនៅតាមទីជនបទ
  2. សេវាសុខមាលភាពសម្រាប់ជនពិការនៅមានកំរិត និងឱកាសការងារមានតិចតួច
  3. ជនពិការធ្ងន់ធ្ងរមិនត្រូវបានយកចិត្តទុកដាក់ ព្រោះភាគច្រើនគេគិតថាជនពិការធ្ងន់ធ្ងរគ្មានប្រយោជន៍ មិនអាចប្រកបការងាររកប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិតដូចអ្នកដែលមិនពិការ
  4. ជនពិការត្រូវបានគ្រួសារបងប្អូន រឺអ្នកផ្សេងធ្វើការសម្រេចចិត្តជំនួស
  5. សេវាកម្មអប់រំដល់បងប្អូនជនពិការ នៅមិនទាន់ដាក់បញ្ចូលឱ្យបានល្អ ដល់បងប្អូនជនពិការគ្រប់ប្រភេទ ជាពិសេសជនពិការដែលមានលក្ខណៈធ្ងន់ធ្ងរ

បញ្ហានេះ ក៏ដោយសារតែការផ្សព្វផ្សាយ ការយល់ដឹង និងការអនុវត្តច្បាប់នៅមានកំរិតនៅឡើយ ។ លោក ម៉ី សាម៉ីត បានសំណូមពរឱ្យរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បង្កើនការយកចិត្តទុកដាក់ជាពិសេសបន្ថែមទៀត ទៅលើជីវភាពបងប្អូនជនពិការ ជាពិសេសចំពោះបងប្អូនដែលជាជនពិការធ្ងន់ធ្ងរតាមសហគមន៍ ។   v  សន្ទរកថាបើកអង្គសិក្ខាសាលារបស់ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លៃងទៅកាន់អ្នកចូលរួមថា នេះគឺជាសិក្ខាសាលាដ៏មានសារៈសំខាន់ ដែលមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចបានជម្រាបជូនខាងលើ ។ លោកបានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យថ្មីៗនៃសកម្មភាពចលនាជីវិតឯករាជ្យនៃជនពិការ តាមរយៈការតស៊ូមតិ ការដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងផែនការអភិវឌ្ឍន៍តាមសហគមន៍ ទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ។ លោកមានការកោតសរសើរខ្ពស់ចំពោះមជ្ឈមណ្ឌលPPCIL ដែលបាន និងកំពុងបន្តអនុវត្តសកម្មភាពឱ្យមានការរីកចំរើនទៅមុខជាលំដាប់ ។ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការដ៏ចាំបាច់ទាំងនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ បញ្ចូលបញ្ហាជនពិការក្នុងផែនការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាពិសេសការអនុវត្តច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទិ្ធជនពិការ ដែលច្បាប់នេះបានជំរុញការធ្វើសមាហរណកម្មជនពិការទៅក្នុងសង្គម ដោយផ្តល់ឱកាសឱ្យបងប្អូនជនពិការកាន់តែទទួលបាននូវតម្រូវការចាំបាច់នានា តាមសិទ្ធិជាមូលដ្ឋានរបស់មនុស្សដូចជា សិទិ្ធរស់រានមានជីវិត សិទិ្ធទទួលបានការអប់រំ សិទ្ធិធ្វើការងារ សិទ្ធិចល័តទីចេញចូល តាមទីសាធារណៈនានា ។ល។ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏ធ្វើការលើទឹកចិត្ត, ផ្តល់ឱកាស និងជំរុញឱ្យបងប្អូនជនពិការមានការចូលរួមពេញលេញ ស្មើភាពនៅក្នុងសង្គម សំដៅកសាងសង្គមមួយសម្រាប់ទាំងអស់គ្នា គឺជាសង្គមដែលគ្មានឧបសគ្គរារាំង និងគ្មានការរើសអើងមកលើជនពិការ ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានចុះហត្ថលេខាលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទិ្ធជនពិការ (UNCRPD) កាលពីថ្ងៃទី០១ ខែតុលាឆ្នាំ២០០៧ និងការផ្តល់សច្ចាប័នលើអនុសញ្ញាកាលពីចុងឆ្នាំ២០១៣រួចមកហើយ ។ ក្នុងគោលដៅស្របគ្នានេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បង្កើតអន្តរាគមន៍លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និយុវនីតិសម្បទា ក្នុងទិសដៅលើកស្ទួយការអនុវត្តការងារ និងកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជនក្រីក្រី និងជនពិការ ដើម្បីបង្កើនសកម្មភាពសង្គ្រោះបន្ទាន់ សំដៅជួយដល់ប្រជាជនដែលរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះ មហន្តរាយផ្សេងៗ ព្រមទាំងពង្រឹងកម្មវិធីស្តារលទ្ធភាពពលកម្មសម្រាប់ជនពិការទូទៅផងដែរ ។   លោកអភិបាលខណ្ឌពោធិ៍សែនជ័យ បានបន្តថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ក្នុងការឆ្លុះបញ្ចាំង និង ចែករំលែកអំពីបទពិសោធន៍នៃការងារក្នុងការលើកកម្ពស់សិទិ្ធជនពិការ តាមរយៈចលនាជីវិតឯករាជ្យនៃជនពិការកន្លងមក ក្នុងនោះលោកបានសង្កត់ធ្ងន់ទៅលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនពិការ (UNCRPD) នៅក្នុងមាត្រាទី១៩ ក៏បានចែងអំពីចលនាជីវិតឯករាជ្យនៃជនពិការនេះផងដែរ ។ ចលនាជីវិតឯករាជ្យនៃជនពិការនេះ គឺជាសកម្មភាពថ្មីមួយដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាពីមុនមក ហើយសិក្ខាសាលានេះនឹងធ្វើឲ្យលោក លោកស្រី បងប្អូនជនពិការ និងសិក្ខាកាមទាំងអស់ បានស្វែងយល់កាន់តែស៊ីជម្រៅបន្ថែមទៀតពីនិយមន័យពិតប្រាកដ នៃចលនាជីវិតឯករាជ្យនេះជាក់ជាមិនខាន ។ ឆ្លៀតក្នុងឱកាសនេះ ក៏សូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិ ព្រមទាំងអង្គការជនពិការ មេត្តាពង្រឹងកិច្ចសហការក្នុងការចូលរួមចំណែកលើកកម្ពស់សិទិ្ធ និងចលនាពិការភាព ដើម្បីសម្រេចបានគោលដៅកសាងសង្គមមួយសម្រាប់យើងទាំងអស់គ្នា ។ ដើម្បីចូលរួមគាំទ្ររាល់សកម្មភាពរបស់មជ្ឈមណ្ឌលPPCIL ។ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានផ្តល់ថវិកាចំនួន១,០០០,០០០៛ (មួយលានរៀល) សម្រាប់ឧបត្ថម្ភដំណើរការកម្មវិធីសិក្ខាសាលា និងជាពិសេសបានលើកទឹកចិត្តបងប្អូនជនពិការដែលមានសមត្ថភាពឲ្យចូលបំរើការងារក្នុងសាលាខណ្ឌពោធិ៍សែនជ័យ តាមរយៈអង្គការPPCILឧទ្ទេសនាមផងដែរ  ។   v  បទបង្ហាញស្តីពីចលនាជីវិតឯករាជ្យនៃជនពិការ និងប្រពន្ធ័សុខមាលភាពសង្គមរនៅក្នុងប្រទេសជប៉ុន លោក ហាតា (Hata) ជាវាគ្មិនមកពីប្រទេសជប៉ុន បានចែករំលែកបទពិសោធន៍ស្តីពីស្ថានភាពចលនាជនពិការនៅប្រទេសជប៉ុន មានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរដ្ឋាភិបាល ក៏ដោយសារការតស៊ូមតិ និងបង្ហាញពីតម្រូវការមូលដ្ឋានរបស់បងប្អូនជនពិការមានភាពរឹងមាំនិងសកម្ម ។ គ្រប់ទីកន្លែងទាំងអស់សុទ្ធតែបានគិតគូរយ៉ាងយកចិត្តដាក់សម្រួលដល់ការចល័តទីចេញចូល សម្រាប់ជនពិការ ។ ជាក់ស្តែងសូម្បីតែរថយន្តក្រុង និងរថភ្លើងក៏មានផ្លូវជម្រេល និងកន្លែងអង្គុយសម្រាប់ជនពិការដែរ ។ បន្ទប់ទឹកធំទូលាយ មានបំពាក់ធ្នាក់ដៃ និងឧបករណ៍សម្រួលដល់ជនពិការគ្រប់ប្រភេទងាយសស្រួលប្រើប្រាស់ ។ ភ្លើងស្តុបមានសំលេងសម្រាប់ជនពិការភ្នែក រីឯផ្លូវដើរវិញក៏មានផ្លូវសម្រាប់ជនពិការភ្នែកប្រើឈើរាវផងដែរ ។ ជនពិការនៅក្នុងប្រទេសជប៉ុន គឺត្រូវបានរដ្ឋាភិបាលផ្តល់ប្រាក់សម្រាប់ឧបត្ថម្ភជីវភាពរស់នៅប្រចាំថ្ងៃ និងមានផ្តល់ជំនួយការផ្ទាល់ខ្លួនទៅតាមតម្រូវការ ។ ជនពិការនៅប្រទេសជប៉ុនគឺមានបណ្ណ័សំគាល់ខ្លួនសម្រាប់បញ្ចុះតម្លៃរាល់ការទទួលសេវាសង្គម និងមានបណ្ណ័បើកបររថយន្តជាដើម ។ល។   អ្វីៗដែលរដ្ឋាភិបាលមានការទទួលខុសត្រូវខ្ពស់ និងជនពិការជប៉ុនកំពុងទទួលបានសព្វថ្ងៃនេះ ក៏ដោយសារតែចលនាជនពិការរបស់គេមានការតស៊ូមតិ ចរចា បង្ហាញពីតម្រូវការមូលដ្ឋានរបស់បងប្អូនជនពិការ ធ្វើសកម្មភាពទាមទានូវសិទ្ធិ និងតម្រូវការរបស់ពួកគេយ៉ាងសកម្មផុលផុស ។     v  វេទិកាសំនួរ ចម្លើយ ស្តីពីស្ថានភាពពិតនៃការរស់នៅរបស់ជនពិការតាមសហគមន៍   ដើម្បីចែករំលែកនូវបទពិសោធន៍អំពីស្ថានភាពពិតនៃការរស់នៅរបស់ជនពិការតាមសហគមន៍ ដល់សិក្ខាកាមឱ្យបានកាន់តែយល់ច្បាស់អំពីបញ្ហាប្រឈមរបស់ជនពិការ យើងមានវាគ្មិនជាជនពិការចំនួន៤រូប ដែលពួកគាត់សុទ្ធតែជាជនពិការមកពីតាមសហគមន៍ និងមកពីប្រទេសជប៉ុន មកធ្វើការបកស្រាយនូវបញ្ហាទាំងនេះ ។ ក្នុងនោះវាគ្មិនជនពិការកម្ពុជាចំនួន២រូប និងវាគ្មិនជនពិការជប៉ុនចំនួន២រូប ព្រមទាំងសម្របសម្រួលវេទិកាដោយ កញ្ញា ជា បុប្ផា ។  សមាសភាពវាគ្មិនមាន៖

  1. កញ្ញា ពឹង ហាសីកា ពិការស្ពាស់ រឺហៅថាកន្រ្តាក់សសៃពីកំណើត សព្វថ្ងៃរស់នៅក្នុងបន្ទុកគ្រួសារ ក្នុងខេត្តកំពង់ចាម
  2. លោក អាត សំអឿន ពិការភ្នែក និងពិការដាច់កំភូនដៃទាំងសងខាង ដោយសារលេងគ្រាប់មិនទាន់ផ្ទុះ សព្វថ្ងៃរស់នៅក្នុងបន្ទុកគ្រួសារ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម
  3. លោក ហាតា (Hata) ពិការកន្រាក់សរសៃ រឺហៅថាCPពីកំណើត ជាបុគ្គលិកបំរើរការងារនៅមជ្ឈមណ្ឌលមែនស្ទ្រីម (Mainstream Association) មកពីប្រទេសជប៉ុន
  4. កញ្ញា អារ៉ៃ (Arai) ពិការបាក់ឆ្អឹងខ្នង ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាបុគ្គលិកបំរើរការងារនៅមជ្ឈមណ្ឌលមែនស្ទ្រីម (Mainstream Association) មកពីប្រទេសជប៉ុន

យោងតាមការបកស្រាយរបស់វាគ្មិនយើងបានឱ្យដឹងថា ចាប់តាំងពីកា្លយខ្លួនជាជនពិការមក មានកិច្ចការមួយចំនួនពួកគាត់មិនអាចធ្វើដោយខ្លួនឯងបានទេ ជាក់ស្តែងពួកគាត់ត្រូវការជំនួយពីសមាជិកគ្រួសារ រឺមិត្តភក្តិរបស់គាត់។ ការទទួលជំនួយពីក្រុមគ្រួសារមិនមែនសុទ្ធតែជារឿងល្អទាំងអស់នោះទេ ព្រោះថាអ្វីៗវាស្ថិតនៅក្នុងការសម្រេចចិត្តរបស់ពួកគេ ពេលខ្លះមុននឹងបានទទួលការជួយពីពួកគេ ពួកគាត់ដែលជាជនពិការត្រូវទទួលរងនូវការពោលពាក្យទ្រគោះបោះបោកមិនសមរម្យមួយចំនួនក៏មាន ។   ថ្វីត្បិតតែពួកគាត់ជាជនពិការ ពួគគាត់ក៏ធ្លាប់បានទៅកំសាន្តនៅតាមទីកន្លែងសាធារណៈនានាដែរ ប៉ុន្តែអ្វីដែលជាការលំបាកសម្រាប់ពួកគាត់ គឺកន្លែងសាធារណៈទាំងនោះពុំមានផ្តល់លទ្ធភាពងាយស្រួលសម្រាប់ការចល័តទីរបស់ពួកគាត់ទេ ហើយពេលខ្លះទៀតសមាជិកគ្រួសាររបស់ពួកគាត់មិនចង់រួមដំណើរជាមួយពួកគាត់ដែលជាជនពិការនោះទេ ព្រោះពួកគេមានការខ្មាស់អៀន ។ ជាក់ស្តែងកញ្ញា ពឹង ហាសីកា បានរៀបរាប់ឱ្យដឹងថា ថ្ងៃមួយនៅពេលដែលនាងទៅលេងនៅខេត្តក្រចេះដែលជាស្រុកកំណើតរបស់នាង នាងបានជួបស្តី្រមានផ្ទៃពោះម្នាក់ ស្ត្រីម្នាក់នោះមិនហ៊ានមើលមុខនាងទេ ព្រោះគេគិតថាខ្លាចកូនរបស់គេកើតមកឆ្លងពិការដូចនាងអញ្ចឹងដែរ ។ ចំណែកឯលោក អាត សំអឿន វិញ លោកត្រូវបានគេនិយាយថា ពិការអញ្ចឹងមិនដឹងរស់នៅមានប្រយោជន៍អ្វីនោះទេ ស្លាប់ទៅល្អជាង ។ បន្ទាប់ពីបានទទួលនូវការរើសអើង ពួកគាត់មានការអាក់អន់នៅក្នុងចិត្តជាខ្លាំង ប៉ុន្តែពួកគាត់មិនចុះចាញ់នូវពាក្យប្រមាថមើលងាយទាំងអស់នោះទេ ដើម្បីយកឈ្នះនូវការមើលងាយទាំងនោះ ពួកគាត់រិតតែខំតស៊ូពុះពារនៅក្នុងឆាកជីវិតរបស់ពួកគាត់ឱ្យបានកាន់តែល្អប្រសើរនាថ្ងៃអនាគត ។  តាមរយៈវាគ្មិនដែលមកពីប្រទេសជប៉ុនវិញ បានឲ្យដឹងថា បញ្ហារើសអើងមកលើជនពិការក៏នៅតែមានដែរ ប៉ុន្តែមានចំនួនតិចតួចប៉ុណ្ណោះបើប្រៀបធៀបនឹងប្រទេសកម្ពុជា ។   វាគ្មិនទាំងអស់បានសង្កត់ធ្ងន់ថា ថ្វីបើពួកគាត់ជួបនូវបញ្ហាប្រឈមទាំងនេះក្តី ប៉ុន្តែពួកគាត់ពេញចិត្តនូវពិការភាពរបស់ខ្លួន ព្រោពួកគាត់គិតថាពិការភាពរបស់ពួកគាត់មិនមែនជាបញ្ហានោះទេ សង្គមទេដែលជាអ្នកបង្កបញ្ហាឲ្យពួកគាត់ ។   ក្នុងនាមពួកគាត់ជាជនពិការ ពួកគាត់សូមណូមពរឱ្យប្រជាពលរដ្ឋទាំងអស់កុំមានការរើសអើងចំពោះជនពិការ និងសូមឱ្យរដ្ឋាភិបាលបង្កើតប្រពន្ធ័ជំនួយការថ្នាក់ជាតិ និងបង្កើនការយកចិត្តទុកដាក់ចំពោះជនពិការជាពិសេស ។   – លទ្ធផលនៃការពិភាក្សាតាមក្រុមនិមួយៗ នៅក្នុងអង្គសិក្ខាសាលា មានចែកក្រុមពិភាក្សាជាពីរក្រុម ។ ក្រុមទី១ ពិភាក្សាទៅលើប្រធានបទ តើរដ្ឋាភិបាលមានតួនាទីធ្វើអ្វីខ្លះ ចំពោះជនពិការ? ក្រុមទី២ ពិភាក្សាទៅលើប្រធានបទ តើយើងគួរធ្វើដូចម្តេច ដើម្បីឲ្យមានប្រព័ន្ធជំនួយការផ្ទាល់ខ្លួនថ្នាក់ជាតិក្នុងប្រទេសកម្ពុជា? លទ្ធផលនៃការពិភាក្សារបស់ក្រុមទាំង២ មានដូចខាងក្រោម៖ ក្រុមទី១ រដ្ឋាភិបាលមានតួនាទីគិតគូដល់ជនពិការដូចជា ផ្តល់ឱកាសការងារដល់ជនពិការ, ការពារ និងលើកកម្ពស់សិទ្ធិជនពិការ, មិនត្រូវរើសអើងជនពិការ, សម្រួលលទ្ធភាពចល័តទីតាមទីសាធារណៈ, សម្រួលដល់ធ្យោបាយដឹកជញ្ជូនសាធារណៈ,  បណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនពិការ, បង្កើនប្រសិទ្ធភាពស្តារលទ្ធភាពពលកម្ម, បញ្ចុះតំលៃសេវាកម្មសុខាភិបាល, បញ្ចុះតំលៃសេវាកម្មតាមទីកំសាន្តផ្សេងៗសម្រាប់ជនពិការ, ផ្តល់អត្តិភាពចំពោះសំណើរជនពិការ, ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ជនពិការទូទៅ, ផ្សព្វផ្សាយ និងអនុវត្តន៍ច្បាប់ទាំងឡាយណាដែលទាក់ទងនឹងជនពិការឲ្យមានប្រសិទ្ធិភាពខ្ពស់, ផ្តល់សិទ្ធិក្នុងការផ្សព្វផ្សាយតាមគ្រឹះស្ថានសាធារណៈ និងបញ្ចូលគោលគំនិតពិការភាពទៅក្នុងកម្មវិធីសិក្សាបស់ក្រសួងអប់រំ ។   ក្រុមទី២ដើម្បីឲ្យមានប្រព័ន្ធជំនួយការផ្ទាល់ខ្លួនថ្នាក់ជាតិក្នុងប្រទេសកម្ពុជាយើងត្រូវ៖

  • រៀបចំឯកសារដែលពាក់ព័ន្ធនឹងប្រព័ន្ធជំនួយការផ្ទាល់ខ្លួន
  • ផ្សព្វផ្សាយច្បាប់ដែលទាក់ទងទៅនឹងបញ្ហាការរើសអើងជនពិការតាមរយៈវិទ្យុ ទូរទស្សន៍ សិក្ខាសាលាផ្សព្វផ្សាយអំពីរជំនួយការផ្ទាល់ខ្លួន តាមការសែត ដោយសហការជាមួយ    រដ្ឋាភិបាល
  • ដាក់បញ្ចូលសេវាជំនួយការផ្ទាល់ខ្លួនទៅក្នុងកម្មវិធីគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល
  • បង្កើតគណៈកម្មការតាមដាន និងសិក្សាអង្កេត ដោយសហការជាមួយអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាល

 

  • ជួបជុំក្រុមជនពិការ ដើម្បីបង្ហាញពីភាពលំបាករបស់ខ្លួនទៅដល់រដ្ឋាភិបាល
  • ស្វែងរកជំនួយថវិកា ដើម្បីបន្តនិរន្តភាពសម្រាប់បង្កើតប្រព័ន្ធជំនួយការផ្ទាល់ខ្លួនស្ម័គ្រចិត្តជាគំរូដំបូងសិន និងលើកបញ្ហាជំនួយការផ្ទាល់ខ្លួនថ្នាក់ជាតិទៅក្នុងរដ្ឋសភា

v  លទ្ធផលដែលទទួលបានពីអង្គសិក្ខាសាលា ជាលទ្ធផលនៃអង្គសិក្ខាសាលាឃើញថា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងសិក្ខាកាមបានចូលរួមគ្រប់ចំនួនតាមការគ្រោងទុក ។ សិក្ខាកាមទាំងអស់មានការចាប់អារម្មណ៍ស្តាប់បទបង្ហាញរបស់វាគ្មិនយ៉ាងយកចិត្តទុកដាក់ ។ ពួកគាត់ចូលរួមមតិយោបល់យ៉ាងផុលផុសក្នុងពេលពិភាក្សាតាមក្រុម ។ តាមរយៈសិក្ខាសាលា ពួកគាត់ទទួលបានចំណេះដឹងថ្មីៗ បង្កើតមិត្តភកិ្តថ្មីៗ និងផ្លាស់ប្តូរការគិតរបស់ពួកគេមកលើជនពិការ ព្រមទាំងចាប់អារម្មណ៏ចំពោះចលនាពិការភាព ។   កញ្ញា អារ៉ៃ (Arai) ដែលតំណាងម្ចាស់ជំនួយមកពីប្រទេសជប៉ុន បានលើកទឹកចិត្តឱ្យជនពិការ និងសិក្ខាកាមទាំងអស់រួមគ្នាបន្តសកម្មភាពធ្វើឲ្យចលនាជនពិការមានភាពរឹងមាំ ដើម្បីឈានទៅរកការផ្លាស់ប្តូរសង្គមមួយសម្រាប់យើងទាំងអស់គ្នា ។ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧបត្ថម្ភដែលមានដូចខាងក្រោម៖

  1. ធនាគារ កាណាឌីយ៉ា បានផ្តល់ថវិកាចំនួន ១,០០០,០០០៛ (មួយលានរៀល) សម្រាប់ឧបត្ថម្ភដំណើរការកម្មវិធីសិក្ខាសាលា
  2. លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០៛ (មួយលានរៀល)
  3. អង្គការCDMD បានផ្តល់ថវិកាចំនួន ៤០០,០០០៛ (សែសិបម៉ឺនរៀល)

ហាងនំប៉័ងភ្នំពេញ បានឧបត្ថម្ភនំប៉័ងចំនួន ១០០នំ

Comment

Add a Comment

Your email address will not be published. Required fields are marked *